ជើង​ខ្លាំង​របស់​ថៃ មក​ជម្រះ​បញ្ជីរឿង សោភ័ណ្ឌ

ភ្នំពេញៈ ជ័យជម្នះ​របស់ រឿង សោភ័ណ្ឌ លើ​ជើង​ខ្លាំង​របស់​ថៃ Khum Phen នៅ​លើ​សង្វៀន SEATV កាល​ពីទី ៦ ខែ​សីហា បាន​បញ្ចប់​នូវ​រឿង​ចម្រូង​ចម្រាស​ព្រោះ​លទ្ធផល​ប្រកួត​នោះ មាន​ភាព​មិន​ប្រក្រតី ធ្វើឲ្យ​អ្នកទស្សនា​មិនទាន់​អស់ចិត្ត ខណៈ សោភ័ណ្ឌ មាន​ពិន្ទុ​ចាញ់​ប្រៀប​ថៃ​ដាច់ តែត្រូវ​បាន​សម្រេច​ឲ្យ​ឈ្នះ ដោយ​សំអាង​ថា Khum Phen បាន​វាយ​ថែម​ពីក្រោយ​ទៅ​លើ សោភ័ណ្ឌ ខុស​បទបញ្ជា​ប្រកួត​នោះ។


លោក​ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន SEATV បាន​ប្រាប់​ថា៖ «លទ្ធផល​ប្រកួត​រវាង រឿង សោភ័ណ្ឌ និង Khum Phen នេះ​ធ្វើឲ្យ​អ្នកទស្សនា​មិន​ទាន់​អស់ចិត្ត​ហើយ​បាន​សំណូមពរ​ឲ្យ​ពួកគេ​ជួបគ្នា​ឡើង​វិញ​ដើម្បី​ឲ្យដឹង​ថា អ្នកណា​ជាអ្នក​ឈ្នះ​ដោយ​យុត្តិធម៌​និង​តម្លាភាព​នោះ។ ហេតុនេះ គណៈកម្មការ​ផ្គូផ្គង​សង្វៀន SEATV បាន​សម្រេច​ដាក់​ឲ្យ​ពួកគេ​ប្រកួត​គ្នា​ឡើង​វិញ​នៅ​រសៀល​ថ្ងៃ សៅរ៍ ទី ១៩ ខែ​សីហា នេះ»។

គួររំឭក​ថា Khun Phen ធ្លាប់​បាន​ស្មើ​ពិន្ទុ​ជាមួយ រឿង សោភ័ណ្ឌ សម្រាប់​ការជួប​គ្នា​លើក​ដំបូង នៅ​សង្វៀន PNN ប៉ុន្តែការ​ជួបគ្នា​ជាថ្មី កាល​ពីដើម​ខែ​សីហា កន្លង​មក​នេះ ជើង​ខ្លាំង​របស់​ថៃ​ម្នាក់​នេះ ត្រូវបាន​សម្រេច​ឲ្យ​ចាញ់​នៅ​ទឹកទី ៣ ដោយសារ​វាយ​ថែម​ពីក្រោយ​ទៅ​លើ រឿង សោភ័ណ្ឌ។ ចំណែក​បង្ហាញ​ខ្លួន ៣ លើក​ទៀត​នៅ​កម្ពុជា Khun Phen បាន​វាយ ផាន់ គ្រាន់ និង​អ៊ុំ ចំរើន ឲ្យ​សន្លប់​ក្នុង​ទឹកទី ២ ដូចគ្នា តែ​បាន​ចាញ់ អ៊ុង វិរៈ ដោយ​ក្បាច់​ជង្គង់​នៅ​ទឹក​ទី ៤។

ចំពោះ​ការវិល​មក​សងសឹករ​បស់ Khun Phen លើក​នេះ រឿង សោភ័ណ្ឌ និយាយ​ថា៖ «រឿង​ចាញ់​ឈ្នះ​មិនទាន់​និយាយ​បាន​ទេ ប៉ុន្តែការ​ប្រកួត​ត្រូវ​គោរព​ច្បាប់ និង​សុំ​ទាមទារ​ឲ្យ​ពិនិត្យ​ទៅ​លើ​ទម្ងន់​ស្មើគ្នា កាត់​ក្តីឲ្យ​យុត្តិធម៌ ព្រោះ​ខ្ញុំ​ឡើង​សង្វៀន​ដឹង​តែវ៉ៃ មិន​លាក់​កម្លាំង ឬ​បន្ធូរដៃ​ឲ្យ​អ្នកណា​ទេ»។

ទោះ​យ៉ាងណា សោភ័ណ្ឌ បាន​បញ្ជាក់​ថា៖ «ខ្ញុំគិត​ថា Khum Phen ជា​កីឡាករ​ឧបសគ្គ​ធំ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ជំនួប​លើក​ទី ៣ នេះ ខ្ញុំ​នឹង​ប្តូរ​យុទ្ធសាស្ត្រ​ប្រកួត​តាម​គ្រូ ដោយ​មិន​លេង​ក្បាច់​ឱប​ឡើង​ជង្គង់​ទេ ប៉ុន្តែ​ត្រូវ​ប្រើ​កណ្តាប់​ដៃ និង​ស្នៀត​ទាត់ ដោយ​សង្ឃឹម​ឈ្នះ ៦០ ភាគរយ។ ចំណែក​ការចាញ់​ប្រៀប​លើក​មុន ដោយសារ​ហាត់​មិន​បាន​ល្អ ព្រោះ​ខ្ញុំ​រវល់​បុណ្យសព​លោក​គ្រូ គឹម ឡាវី ប៉ុន្តែ​សប្តាហ៍​នេះ​ហាត់​ពេញ​ល្អ ធានា​ថា ប្រកួត​ក្នុង​លក្ខណៈ​ស្វិតស្វាញ​អស់ពី​សមត្ថភាព​ឲ្យ​បងប្អូន​ជក់ចិត្ត»។

លោក ជួន សំណាង គ្រូបង្វឹក សោភ័ណ្ឌ និយាយ​ថា៖ «Khum Phen ល្អ​ជង្គង់ និង​កម្លាំង ហើយ​ខ្ពស់ជាង​យើង ហេតុនេះ​យើង​ប្តូរ​យុទ្ធសាស្ត្រ​ប្រកួត គឺត្រូវ​វាយ​ប្រយោល​ដោយ​ប្រើ​កណ្តាប់ដៃ និង​ស្នៀត​ទាត់​ឆ្ងាយ ហើយ​បើ រឿង សោភ័ណ្ឌ វ៉ៃ​តាមការ​គ្រោង​ទុក គឺ​យើង​មាន​ទំនុក​ចិត្ត​ឈ្នះ ៧០ ភាគរយ»។

ចំណែក​លោក ថាន់ វ៉ាឡេក គ្រូបង្វឹក​កីឡាករ​ថៃ និយាយ​ថា៖ «បើគ្មាន​អ្វី​កើត​ឡើង​នោះទេ ខ្ញុំ​ជឿជាក់​ថា Khum Phen មាន​ប្រៀប​ឈ្នះ ១០០ ភាគរយ ព្រោះ សោភ័ណ្ឌ ក្រៅ​ពី​កណ្តាប់​ដៃ គ្មាន​ក្បាច់​អ្វី​យក​ឈ្នះ Khum Phen បាន​ទេ»។

ចំណែក​លោក ថៃ អ៊ូ អ្នកនាំ​កីឡាករ​ថៃ​មក​ប្រកួត និយាយ​ថា៖ «ខ្ញុំមិន​ហ៊ាន​និយាយ​ទេ ព្រោះ​និយាយ​កន្លង​មកវា​ចេះតែ​ខុស ចាំ​មើល​ជាក់ស្តែង​ទៅ ប៉ុន្តែ​ខ្ញុំ​មាន​ជំនឿ​ថា Khum Phen មាន​ប្រៀប​ឈ្នះ​ច្រើន​ជាង»។

រីឯ ហ៊ឹមសេរី ក៏ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ថៃ Phat Chantha ក្នុង​ទម្ងន់ ៥១ គីឡូក្រាម ថ្ងៃ​សៅរ៍​នោះ​ដែរ៕
Powered by Blogger.